ផលិតផលក្លែងក្លាយ ដែលមានម៉ាក Knorr ម៉ាក Aji-No-Moto និងម៉ាក A-Oner ចំនួន ១០តោន ត្រូវបានប៉ូលិសវៀតណាមរកឃើញ និងរឹបអូសក្នុងប្រតិបត្តិការមួយ នៅខេត្ត Dak Lak។ នេះបើតាមការប្រកាសរបស់ប៉ូលិសខេត្ត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨ ម្សិលមិញ។
ការរឹបអូសនេះ គឺក្រោយប៉ូលិសសេដ្ឋកិច្ចវៀតណាមបានធ្វើការឆែកឆេរឃ្លាំងមួយកន្លែងរបស់ស្រីវ័យ ៣៤ឆ្នាំម្នាក់ ឈ្មោះ Vo Dan Vy នៅក្រុង Buon Ma Thuot កាលពីថ្ងៃទិ១១ ខែតុលា ឆ្នាំ២០១៨។
ក្នុងប្រតិបត្តិការនេះ ប៉ូលិសវៀតណាមបានរកឃើញម្សៅ Knorr និងផលិតផល MSG មានម៉ាក A-Oner និង Aji-No-Moto ដែលត្រូវសង្ស័យថា ក្លែងបន្លំពីម៉ាកល្បី A-one និង Ajinomoto។ ប៉ូលិសវៀតណាមរកឃើញផលិតផលម៉ាក A-Oner និង Aji-No-Moto ចំនួន ៥២១ប្រអប់ និងម្សៅ Knorr ៤៨៧ប្រអប់ ដែលមានទម្ងន់សរុប ១០តោន។
ចំណែកអ្នកតំណាងផលិតផល Knorr ផលិតផល A-one និងផលិតផល Ajinomoto ក្នុងប្រទេសវៀតណាមបានបញ្ជាក់ប្រាប់ប៉ូលិសវៀតណាមថា ទំនិញដែលរកឃើញនៅឃ្លាំងនោះ គឺជាទំនិញក្លែងក្លាយ។
ពេលនេះ ប៉ូលិសវៀតណាមកំពុងរៀបចំនិតិវិធីលើស្រ្ដីវ័យ ៣៤ឆ្នាំរូបនេះ ពាក់ព័ន្ធនឹងការជួញដូរផលិតផលក្លែងក្លាយ៕
ប្រភព៖ Vietnam News ប្រែសម្រួល៖ វាសនា
Comments
Post a Comment