រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញមុខធ្វើសន្និសីទច្រានចោល រឿងបែកធ្លាយថា ផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី នៅបឹងតាមោក ដែលជាទីតាំងថ្មី ទើបតែត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់ដីទំហំ ២០ ហិកតាសម្រាប់សង់ផ្សារថ្មី និងកន្លែងចតយានយន្ដនៅទីនោះ។
ក្រោយពីមានការចុះផ្សាយយ៉ាងព្រោងព្រាតពីសំណាក់សារព័ត៌មានជាច្រើន ដោយអមជាមួយនឹងលិខិតមួយច្បាប់ ដែលបង្ហាញពី ការអនុញ្ញាតពីរាជរដ្ឋភិបាល ក្នុងការផ្ដល់ដី ២០ ហិកតានៅបឹងតាមោក សម្រាប់សាងសង់ផ្សារថ្មីរួចមក ឃើញថា មានមតិនៅលើបណ្ដាញសង្គមខ្លះ បានសម្ដែងការត្រេកអរ ពេលឭថាមានផ្សាថ្មីនៅតំបន់នោះ ខណៈដែលខ្លះទៀត រិះគន់មិនចៃមាត់អំពីការស្នើដកផ្សារដើមគរ ទៅសង់នៅតំបន់បឹងតាមោកនេះ ពិសេសគឺពួកគេរិះគន់ចំពោះការចាក់ដីលុបបឹង ដើម្បីបង្កើតជាផ្សារនេះ ព្រោះថាបឹងនេះ គឺជាកន្លែងបណ្ដោះទឹកដ៏សំខាន់មួយចេញពីរាជធានីភ្នំពេញ ពិសេសគឺទឹកកខ្វក់តែម្ដង។
ទោះយ៉ាងណា នៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញមុខ ធ្វើការបដិសេធអំពីរឿងរុះរើផ្សារដើមគរទៅរកទីតាំងថ្មីនេះ ដោយបានអះអាងថា អាជ្ញាធរ ពុំមានគម្រោងរុះរើផ្សារដើមគរ ឬតម្រូវឲ្យអាជីវករកំពុងលក់ដូរនៅផ្សារដើមគរ ធ្វើការផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួន ទៅទីតាំងថ្មីណាមួយឡើយ។
ដោយឡែក គម្រោងសាងសង់ផ្សារនៅបឹងតាមោកនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា គឺនឹងត្រូវសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត ក្នុងន័យបន្ថែមជាទីតាំងផ្សារបោះដុំមួយកន្លែងផ្សេងទៀត ដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម ក៏ដូចជាដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ ដើម្បីធ្វើជាទីតាំងលក់បន្លែផ្លែឈើ ដែលបង្កការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យតាមដងផ្លូវ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសំណូមពរឲ្យ ប្រជាពលរដ្ឋ ពិសេសអាជីវករផ្សារដើមគរមេត្តាជ្រាប និងរក្សាភាពស្ងប់ស្ងាត់ ប្រកបរបរទទួលទានជាធម្មតា និងផ្តល់ជំនឿទុកចិត្តមកលើអាជ្ញាធរ ដែលជានិច្ចជាកាល យកចិត្តទុកដាក់ចំពោះជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរនៅតាមទីរួមផ្សារនានាក្នុងរាជធានីភ្នំពេញ។
គួរជម្រាបថា បឹងតាមោកនេះ គឺជាបឹងដ៏ធំជាងគេមួយ នៅរាជធានីភ្នំពេញ ដែលនៅសេសសល់ពីការចាក់ដីលុបសម្រាប់ធ្វើការអភិវឌ្ឍ ដូចជាបឹងកក់ និងបឹងទំពន់ជាដើម ហើយកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានចេញមុខការពារបឹងតាមោកនេះ ពីការរំលោភបំពានចាក់ដីលុបពីបណ្ដាពួកឈ្មួញដីផងដែរ។
ទោះយ៉ាងណា មហាជននៅតែមិនទាន់អស់ចិត្តនៅឡើយថា ហេតុអ្វី គ្រាន់តែជាការបង្កើតផ្សារបន្លែ និងកន្លែងចតយានយន្ដមួយសោះ ហេតុអ្វីក៏ត្រូវការដីច្រើនដល់ម្លឹង រហូតដល់ ២០ហិកតា?
ជុំវិញទៅនឹងបញ្ហានេះដែរ យើងនឹងរង់ចាំមើលទាំងអស់គ្នាថា តើនៅពេលបានសិទ្ធិអភិវឌ្ឍហើយ តើអាជ្ញាធរ នឹងធ្វើការអភិវឌ្ឍកម្រិតណា? និងមានការសាទរពីប្រជាពលរដ្ឋកម្រិតណា?
ប្រភពពី៖ ខេមបូណូមីស
Comments
Post a Comment